ការហ្វឹកហាត់កម្លាំងសាច់ដុំជួយឱ្យឆ្អឹងរឹងមាំ និងការពារពីជំងឺពុកឆ្អឹង

យើងដឹងហើយថាការហ្វឹកហាត់កម្លាំងសាច់ដុំដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកម្លាំង និង​សាច់ដុំ។​ ប៉ុន្តែអ្វីដែលពួកយើងមិនដឹងនោះគឺសាច់ដុំមាំមួនក៏អាចធ្វើឱ្យឆ្អឹងមានភាពរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងដែលជាជំងឺមួយដែលធ្វើឱ្យឆ្អឹងផុយ ហើយងាយនឹងបាក់។

ឆ្អឹងរបស់យើងចាប់ផ្តើមកាន់តែពុកផុយទៅៗពីមួយឆ្នាំទៅមួយឆ្នាំ នេះគឺដោយសារតែការគួបផ្សំគ្នារវាងការមិនសូវធ្វើចលនា និងការទទួលយកជីវជាតិមិនគ្រប់គ្រាន់ ហើយទាំងនេះហើយជាហេតុដែលធ្វើឱ្យសាច់ឆ្អឹងពុកផុយក្នុងកម្រិត 1% ក្នុងមួយឆ្នាំចាប់ពីអាយុ 40ឆ្នាំទៅ។ កត្តានេះហើយដែលជាហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់តូចតាច​ក្លាយទៅជារបួសធ្ងន់ធ្ងរបាន។

បើយោងទៅតាមអត្ថបទពីការបោះពុម្ពផ្សាយសុខភាពពីHarvard នៅសហរដ្ឋអាមេរិកមានបុរសជាង2លាននាក់ និងនារីជាង8លាននាក់មានជំងឺពុកឆ្អឹង ហើយជំងឺនេះជាដើមហេតុនៃការបាក់ឆ្អឹងជាង2លានករណីជារៀងរាល់ឆ្នាំ។ អត្ថបទដដែលនេះក៏បាននិយាយអំពីរបួសត្រគាកដែលជាករណីដែលធ្ងន់ធ្ងរជាងគេ ដោយក្នុងចំណោម10ករណីគឺមាន​តែ4ករណីប៉ុណ្ណោះដែលអ្នកជម្ងឺអាចជាសះស្បើយមកសភាពដើមវិញ។

ការសិក្សាជាច្រើនក៏បានសន្និដ្ឋានដែរថាការហ្វឹកហាត់កម្លាំងសាច់ដុំវាពិតជាដើរតួយ៉ាងសំខាន់មែនក្នុងការពន្យឺតការពុកផុយរបស់ឆ្អឹង។ ក្នុងចំណោមនោះមានការសិក្សាខ្លះក៏បានបង្ហាញថាវាអាចជួយពង្រឹងភាពរឹងមាំរបស់ឆ្អឹងផងដែរ។ លំហាត់ប្រាណដែលដាក់សម្ពាធទៅលើឆ្អឹងដូចជាការលើកទម្ងន់ ការដើរ ឬរត់សុទ្ធតែអាចបង្កឱ្យកោសិកាឆ្អឹងបានលូតលាស់រឹងមាំជាងមុន។ ការហ្វឹកហាត់កម្លាំងសាច់ដុំផ្តោតទៅលើឆ្អឹងត្រគាក ខ្នង និង​កដៃដើម្បីបង្កើនកម្លាំង និងស្ថេរភាព។ វាក៏អាចបង្កើនភាពជឿជាក់ ជម្រុញអ្នកឱ្យធ្វើចលនា​ ហើយកាត់បន្ថយគ្រោះថ្នាក់បាក់ឆ្អឹងតាមមួយវិធីទៀតដែរ គឺតាមរយៈការកាត់បន្ថយការដួល។

ប្រភព:
www.health.harvard.edu/staying-healthy/strength-training-builds-more-than-muscles