៥ហេតុផលដែលការហាត់ប្រាណជួយសម្រួលដល់ដំណេក

ការធ្វើលំហាត់ប្រាណទៀងទាត់គឺជារបៀបដ៏ល្អមួយដែលអាចធ្វើឱ្យការគេងរបស់អ្នកមានគុណភាពប្រសើរជាងមុន។ បើយោងទៅតាមការិយាល័យការពារជំងឺ និងការលើកកម្ពស់សុខភាព ការគេងដោយគុណភាពអាចជួយអ្នកឱ្យមានអារម្មណ៍ល្អ កាត់បន្ថយស្រ្តេស ហើយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរមួយចំនួនដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ដូចនេះហើយបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចសម្រាកបាន ឬគេងមិនសូវលក់ នោះវាគឺជាសញ្ញាដែលប្រាប់អ្នកថាអ្នកដល់ពេលដែលត្រូវផ្លាស់ប្តូរទម្លាប់ហាត់ប្រាណហើយ។ ទាំងនេះគឺជា៥ចំណុចដែលការហាត់ប្រាណអាចជួយសម្រួលដល់ការទទួលទានដំណេក៖

1. កាត់បន្ថយស្រេ្តស
Cortisol ដែលជាអរម៉ូនស្រេ្តសគឺជាអរម៉ូនម្យ៉ាងដែលកើនឡើងនៅពេលដែលកម្រិតស្ត្រេសរបស់អ្នកកើនឡើង។ វាអាចប៉ះពាល់ខ្លាំងទៅដល់គុណភាពនិងរយៈពេលនៃដំណេករបស់អ្នក។ បើយោងទៅតាមការសង្គេតលើការស្រាវជ្រាវមួយក្នុងឆ្នាំ២០២១ ការដើរលឿន និងការហ្វឹកហាត់ធ្ងន់ៗអាចជួយឱ្យអ្នកគេងលក់ស្រួលតាមរយៈការកាត់បន្ថយកម្រិតCortisol។

2. ពង្រឹងវដ្តនៃការគេង និងការភ្ញាក់
វដ្តនៃការគេង និងភ្ញាក់របស់អ្នកគឺត្រូវបានគេហៅថាសង្វាក់នៃសកម្មភាពប្រចាំថ្ងៃ(Circadian Rhythm) ដែលវាប្រាប់រាងកាយអ្នកឱ្យដឹងថាពេលណាដែលអ្នកត្រូវគេង ហើយពេលណាត្រូវងើបវិញ។ ការរំខាន ឬការប៉ះពាល់លើថាសង្វាក់នៃសកម្មភាពប្រចាំថ្ងៃនេះអាចបណ្តាលឱ្យកើតមានជំងឺគេងមិនលក់។ យោងតាមអត្ថបទស្រាវជ្រាវក្នុងឆ្នាំ២០១៩​ ការកែសម្រួលកាលវិភាគហាត់ប្រាណរបស់អ្នកដើម្បីឱ្យត្រូវតាមសង្វាក់នៃសកម្មភាពប្រចាំថ្ងៃ អាចជួយកាត់បន្ថយការរំខានពេលទទួលទានដំណេក។

3. ជួយបន្ថយរោគសញ្ញានៃការគេងមិនលក់
បើសិនជាអ្នកកំពុងតែជួបប្រទះនូវរោគសញ្ញានៃការគេងមិនលក់ វាអាចបណ្តាលមកពីការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់។  ការសិក្សាមួយនៅឆ្នាំ២០២១ បានបង្ហាញថាការធ្វើសកម្មភាពរាងកាយឱ្យបានទៀងទាត់អាចជួយកាត់បន្ថយការគេងមិនលក់ ហើយធ្វើឱ្យទម្លាប់គេងរបស់មនុស្សពេញវ័យកាន់តែប្រសើរ។
  
   
4. សម្រួលគុណភាពដំណេក
ការហាត់ប្រាណអាចធ្វើឱ្យគុណភាពដំណេករបស់អ្នកកាន់តែប្រសើរ។ ការធ្វើតេស្តសាកល្បងក្នុងឆ្នាំ២០២០ បានបង្ហាញថាការហាត់ប្រាណជាពិសេសការហាត់ប្រាណធ្ងន់ៗអាចជួយបង្កើនរយៈពេលនៃការគេង និងគុណភាពនៃការគេងរបស់អ្នក។

5. ជួយឱ្យឆាប់ងងុយគេង
ជាធម្មតា​ សកម្មភាពដែលត្រូវការកម្លាំងកាយខ្លាំងអាចធ្វើឱ្យយើងឆាប់ងងុយគេង។ និយាយទៅកាន់តែហត់ កាន់តែចង់សម្រាក។ យោងតាមមជ្ឈមណ្ឌល CDC របស់សហរដ្ឋអាមេរិក សម្ពាធដែលជម្រុញអ្នកឱ្យទទួលទានដំណេកកើនឡើងបន្តិចម្តងៗតាមរយៈពេលដែលអ្នកភ្ញាក់ដឹងខ្លួន។ វានឹងធ្លាក់ចុះទៅវិញបន្ទាប់ពីការគេងប្រកបដោយគុណភាពមួយយប់ ហើយវាកើនឡើងវិញម្តងទៀតនៅថ្ងៃបន្ទាប់។ ការហាត់ប្រាណបង្កើននូវសម្ពាធមួយនេះ ហើយធ្វើឱ្យអ្នកការគេងលក់បានយ៉ាងងាយស្រួល។  

ប្រភព: https://www.healthline.com/health/5-reasons-exercise-improves-sleep