បើចង់ចេះហែលទឹកស្ទាត់ជំនាញដូចកីឡាករអូឡាំពិក ទាល់តែរៀនហែលទឹកពីម្ចាស់ជើងឯកអូឡាំពិក

ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន មានកិត្តិយសក្នុងការពាំនាំម្ចាស់មេដាយមាសអូឡាំពិក កីឡាការិនី Rie Kaneto មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកម្មវិធីបង្រៀនហែលទឹកដ៏ពិសេសចំនួន២វគ្គ ក្នុងពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ, ថ្ងៃទី១៧ ខែតុលា៖ ប្រសិនបើលោកអ្នកមានក្តីស្រមៃចង់ក្លាយជាអត្តពលិកអាជីពលំដាប់ពិភពលោក ឬ មានគោលបំណងចង់សិក្សាពីគន្លឹះ និងដំបូន្មានហែលទឹកល្អៗបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួន អ្នកមិនគួររំលងថ្នាក់បង្រៀនហែលទឹកដ៏ពិសេសនេះបានឡើយ ដែលនឹងត្រូវបង្ហាត់បង្រៀនដោយផ្ទាល់ពីសំណាក់ម្ចាស់មេដាយមាសអូឡាំពិក និងជាអ្នកគ្រងឯកត្តកម្មលើវិញ្ញាសាហែលទឹកលក្ខណៈកង្កែប ចម្ងាយ២០០ម៉ែត្រ គឺកីឡាការិនី Rie Kaneto។

កីឡាការិនីវ័យ២៩ឆ្នាំ សញ្ជាតិជប៉ុនរូបនេះ បានសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដោយធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio de Janeiro ឆ្នាំ២០១៦ លើវិញ្ញាសាហែលទឹកលក្ខណៈកង្កែបចម្ងាយ២០០ម៉ែត្រ និងមេដាយប្រាក់ក្នុងពានរង្វាន់ World Championship ទីក្រុង Doha ឆ្នាំ២០១៤ ក្នុងប្រភេទវិញ្ញាសានេះដូចគ្នា។ 

កញ្ញានឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាគ្រូកិត្តិយសក្នុងកម្មវិធីហែលទឹកចំនួន២វគ្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា នៅទីតាំងផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។   កីឡាការិនី Kaneto គឺជាអ្នកគ្រងឯកត្តកម្មលើវិញ្ញាសាហែលទឹកលក្ខណៈកង្កែបចម្ងាយ២០០ម៉ែត្រ ប្រចាំប្រទេសជប៉ុន និងទ្វីបអាស៊ី ដោយបានបង្កើតកំណត់ត្រាថ្មីនេះឡើងកាលពីឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ កញ្ញា គឺជាកីឡារិនីទី៣របស់ប្រទេសជប៉ុន ដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកក្នុងប្រភេទវិញ្ញាសារនេះ។   

ថ្នាក់បង្រៀនហែលទឹកនេះ បើកជូនដោយសេរីសម្រាប់សមាជិកហ្គាន់ហ្សេ ស្ព័ត ជប៉ុន និងសារធារណជនទាំងអស់ (ទាំងកុមារ និងមនុស្សពេញវ័យ ចាប់ពីអាយុ៦ឆ្នាំឡើងទៅ) ដែលមានចំណាប់អារម្មណ៍។ អ្នកចូលរួមនឹងទទួលបានការចែករំលែកបទពិសោធន៍ ដំបូន្មាន និងមេរៀនហែលទឹកសំខាន់ៗពីកីឡាការិនី Kaneto ព្រមទាំងឱកាសដ៏ពិសេសក្នុងការសាកសួរសំនួរ និងថតរូបអនុស្សាវរីយ៍ជាក្រុមជាមួយកញ្ញាផងដែរ។   

សម្រាប់កាលបរិច្ឆេទរបស់កម្មវិធីនេះវិញ គឺនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៨ ខែតុលា ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១១:៣០នាទី (វគ្គទី១) និងចាប់ពីម៉ោង១:៣០នាទីរហូតដល់ម៉ោង៣រសៀល (វគ្គទី២)។ ការចុះឈ្មោះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៧ ខែតុលានេះតទៅ ដោយកំណត់យកចំនួនសិស្សត្រឹមតែ៤០នាក់ប៉ុណ្ណោះសម្រាប់១វគ្គ។ អ្នកចុះឈ្មោះអាចជ្រើសរើសចូលរួមបានត្រឹមតែ១វគ្គប៉ុណ្ណោះ។     

លោកតាកិស៊ី អូគូយ៉ាម៉ា នាយកនៃក្រុមហ៊ុនហា្គន់ហ្សេ ស្ព័ត (ខេមបូឌា) មានប្រសាសន៍ថា៖ “ដោយមើលឃើញថាប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SEA Games ជាលើកដំបូងនៅឆ្នាំ២០២៣ ទើបពួកយើងសម្រេចចិត្តអញ្ជើញកីឡាការិនី Kaneto មកទីនេះ ដើម្បីចែករំលែកបទពិសោធន៍ និងណែនាំពីគន្លឹះហែលទឹកសម្រាប់ក្មួយៗ ដែលមានក្តីស្រមៃចង់តំណាងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ ក៏ដូចជាប្អូនៗ ដែលមានបំណងចង់បង្កើនសមត្ថភាពហែលទឹកផងដែរ។ ដើម្បីក្លាយខ្លួនជាអត្តពលិកលំដាប់អូឡាំពិក គ្មានអ្វីល្អជាងការរៀនសូត្រពីជើងឯកអូឡាំពិកនោះឡើយ។ កញ្ញា Kaneto មិនត្រឹមតែជាជើងឯកអូឡាំពិកប៉ុណ្ណោះទេ ហើយថែមទាំងធ្លាប់ឈ្នះមេដាយមាស២គ្រឿងក្នុងពានរង្វាន់ហែលទឹកពិភពលោកក្របខ័ណ្ឌសកលវិទ្យាល័យ និងមេដាយមាស១គ្រឿងទៀតក្នុងពានរង្វាន់ Pan Pacific Championships ដែលបង្ហាញយ៉ាងច្បាស់ពីកិត្តិនាមរបស់កញ្ញាជាកីឡាការិនីហែលទឹកដ៏ឆ្នើមបំផុត១រូបក្នុងទ្វីបអាស៊ី។”   

សម្រាប់ការចុះឈ្មោះ ឬ សាកសួរព័ត៌មានលម្អិត សូមអញ្ជើញមកកាន់សាខាអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទាក់ទងមកកាន់លេខទូរស័ព្ទ +855 23 900 521។

អំពី ហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌី និង ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី 
  

ក្រុមហ៊ុនហ្គាន់ហ្សេ ស្ព័ត ខូអិលធីឌីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាន់ហ្សេ លីមីតធីត។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហ្គាន់ហ្សេស្ព័ត ខូអិលធីឌី បានបើកដំណើរការជាង២០សាខាហើយនៅក្នុងប្រទេសជប៉ុន ដែលមានពាក្យស្លោកថា“ធ្វើឲ្យជីវិតលោកអ្នកកាន់តែស្រស់បំព្រង” ។ 

ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០១៥ ដោយឈរលើឆន្ទៈក្នុងការជួយឲ្យប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖   
សាខាអ៊ីអនម៉ល សែនសុខស៊ីធី 
លោក ឡោះ វ៉ាន់ 
អ្នកចាត់ការទូទៅ សាខាអ៊ីអនម៉ល សែនសុខស៊ីធី 
លេខទូរស័ព្ទ៖ 098 766 152 | អ៊ីមែល៖ l.vann@gunzesportskh.com