ការហាត់ប្រាណCardioអាចការពារបុរសពីជំងឺមហារីកសួត ពោះវៀនធំ និងក្រពេញប្រូស្តាត

ការសិក្សាថ្មីពីវិទ្យាស្ថានកីឡា និងសុខភាពរបស់ប្រទេសស៊ុយអែតបានរកឃើញថាលំហាត់ប្រាណ Cardio អាចជួយឱ្យមនុស្សប្រុសចៀសផុតពីជំងឺមហារីកដ៏កាចសាហាវបានជាច្រើន។

ការសិក្សានេះបានធ្វើឡើងអស់រយៈពេលជាង10ឆ្នាំទៅលើបុរសជាង170,000នាក់ដែលមានអាយុចាប់ពី18 ទៅ75ឆ្នាំ។ អ្នកចូលរួមក្នុងការពិសោធន៍មួយនេះត្រូវបានគេធ្វើតេស្តទៅលើសុខភាពបេះដូង តាមរយៈការវាស់ស្ទង់កម្រិតអតិបរិមារបស់អុកស៊ីសែនដែលជាកម្រិតអុកស៊ីសែនដែលរាងកាយប្រើប្រាស់នៅពេលធ្វើលំហាត់ប្រាណ។

អ្នកចូលរួមទាំងអស់ត្រូវបានគេរៀបតាមលំដាប់តាមសុខភាពបេះដូង និងប្រព័ន្ធផ្លូវដង្ហើមគឺពីអ្នកដែលមានសុខភាពខ្សោយបំផុត ទៅល្អបំផុត។​ តាមរយៈការសិក្សានេះ ទិន្នន័យបានបង្ហាញថាអ្នកដែលមានសុខភាពបេះដូងល្អបំផុតនោះ មិនងាយនឹងវិវត្តជំងឺមហារីកសួត ពោះវៀនធំ ឬក្រពេញប្រូស្តាតនោះទេ។

ការសិក្សានេះក៏បានរកឃើញដែរថាការធ្វើកំណែទម្រង់ទៅលើរបបអាហារ ការរស់នៅ និងទម្លាប់ពិសាបារី ទោះបន្តិចបន្តួចក៏ដោយ ក៏អាចធ្វើឱ្យអ្នកមានសុខភាពបេះដូងមធ្យមជៀសផុតពីការវិវត្តជំងឺមហារីកបានដែរ។

ជាចុងបញ្ចប់ ការសិក្សានេះបានឈានមកដល់ការសន្និដ្ឋានថា សុខភាពបេះដូងគឺមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការពារពីជំងឺគាំងបេះដូងនោះទេ តែវាក៏មានសារៈសំខាន់ដើម្បីការពារជំងឺមហារីកមួយចំនួនធំផងដែរ។

រឿងដែលល្អនោះគឺថាអ្នកក៏អាចកែលម្អកម្រិតអតិបរិមាអុកស៊ីសែនឱ្យប្រសើរបានដែរតាមរយៈលំហាត់ប្រាណCardio។ លំហាត់ប្រាណដែលបង្កើនចង្វាក់បេះដូង និងការដកដង្ហើមដូចជាការរត់ ហែលទឹក និងការជិះកង់ នឹងជួយធ្វើកែលម្អឱ្យសុខភាពបេះដូងកាន់តែប្រសើរ។
 

អាជ្ញាធរសុខភាពសាធារណៈដូចជាមន្ទីរសុខភាព និងបម្រើមនុស្សជាតិរបស់សហរដ្ឋអាមេរិកបានណែនាំឱ្យ ធ្វើសកម្មភាពកម្រិតមធ្យមដូចជាការដើរ ឬការធ្វើការងារក្នុងផ្ទះរយៈពេល150នាទីក្នុងមួយសប្តាហ៍ ឬធ្វើសកម្មភាពធ្ងន់ៗដូចជាការរត់ ឬការធ្វើលំហាត់ប្រាណសាច់ដុំរយៈពេល 75នាទីក្នុងមួយសប្តាហ៍។
 

ទោះសកម្មភាពនោះមានលក្ខណៈតិចតួចក៍ដោយក៏វានៅតែមានប្រសិទ្ធភាពដែរ ដោយការសិក្សាបានបង្ហាញថា គ្រាន់តែការបូកបញ្ចូលការដើរទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ក៏វាអាចកាត់បន្ថយការវិវត្តនៃជំងឺមហារីក និងជំងឺបេះដូងបានដែរ។


ប្រភព៖ www.insider.com