តើអ្នកអាចសម្រករាងជាមួយលំហាត់ប្រាណLow Impactដែរទេ?

តើអ្នកមិនធ្លាប់ធ្វើលំហាត់ប្រាណពីមុនមកមែនទេ? ឬអ្នកព្រួយបារម្ភពីរបួសសន្លាក់? បើអញ្ចឹងមែន​ លំហាត់ប្រាណLow-Impact នេះហើយ ដែលជាអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំ។

ជាដំបូងនោះ យើងត្រូវសួរថាហេតុអី្វបានជាយើងត្រូវការលំហាត់ប្រាណLow-Impact? លំហាត់ប្រាណLow-Impact មានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់អ្នកដែលទើបនឹងចាប់ផ្តើមធ្វើលំហាត់ប្រាណ ដោយសារ​រាងកាយរបស់ពួកគាត់នៅមិនទាន់ស៊ាំជាមួយនឹងការហាត់ប្រាណធ្ងន់ៗនោះទេ។ លំហាត់ប្រាណLow-Impact ក៏ផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកដែលមានបញ្ហាសុខភាពផងដែរដូចជា អ្នកមានជំងឺរលាកសន្លាក់ ដោយសារវាអាចជួយពង្រឹងសាច់ដុំបាប និងមិនត្រូវការប្រើប្រាស់សន្លាក់ខ្លាំង។ លំហាត់ប្រាណLow-Impact ក៏អាចជួយពង្រឹងសុខភាពបេះដូង ភាពបត់បែន និងការទប់លំនឹងបានផងដែរ។

សំណួរដែលពេញនិយមជាងគេមួយទៀតនោះគឺ តើលំហាត់ប្រាណLow-Impact អាចជួយសម្រកទម្ងន់បានទេ? ចម្លើយដ៏ខ្លីនោះគឺវាអាចជួយបាន។ លំហាត់ប្រាណLow-Impact អាចជួយអ្នកសម្រកទម្ងន់ដូចលំហាត់ប្រាណផ្សេងៗអញ្ចឹង ប៉ុន្តែវាមានគុណប្រយោជន៍មួយត្រង់ថាវាមិនសូវឈឺ និងមិនងាយរបួស។

បន្ទាប់ពីការលើកឡើងទាំងនេះហើយ តើឥឡូវនេះអ្នកអាចធ្វើលំហាត់ប្រាណ Low-Impact មួយណាបានខ្លះ? លំហាត់ប្រាណLow-Impact ដែលល្អបំផុតនោះគឺលំហាត់ប្រាណដែលមិនសូវដាក់សម្ពាធទៅលើសន្លាក់ ដូច្នេះហើយលំហាត់ប្រាណដូចជា យូហ្គា និង​ពីឡាតគឺសុទ្ធតែជាលំហាត់ប្រាណដ៏ល្អដោយសារវាអាចពង្រឹងកម្លាំង ភាពបត់បែន និងលំនឹងទូទៅ។ សកម្មភាពនៅខាងក្រៅដូចជាការដើរ ការជិះកង់ និងការហែលទឹកក៏ជាលំហាត់ប្រាណLow-Impact ដ៏ល្អដែរសម្រាប់បង្កើនចង្វាក់បេះដូងដោយមិនចាំបាច់ប្រឈមនឹងការរងរបួសឡើយ។
  លំហាត់ប្រាណLow-Impact ក៏ជាជម្រើសដ៏ល្អមួយដែរ បើយើងប្រៀបធៀបវាទៅនឹងការហាត់ប្រាណធ្ងន់ៗ ប៉ុន្តែវាក៏អាស្រ័យលើអ្នកជាសាមីខ្លួនដែរដើម្បីសែ្វងរកលំហាត់ប្រាណណាដែលងាយស្រួលត្រូវនឹងរបៀបរស់នៅ និងអាចធ្វើជាទម្លាប់ប្រចាំថ្ងៃបាន។  

ប្រភព៖ www.nestacertified.com