ការហាត់ប្រាណយ៉ាងតិច2.5 ម៉ោងក្នុង 1សប្តាហ៍ផ្តល់អត្ថប្រយោជន៍ជាច្រើន

តើអ្នកពិបាកក្នុងការហាត់ប្រាណទៀងទាត់ឱ្យបានពេញមួយសប្តាហ៍មែនទេ? ការសិក្សាថ្មីៗនេះបានបង្ហាញថាការហាត់ប្រាណរយៈពេល2.5ម៉ោងក៏អាចផ្តល់លទ្ធផលដូចការហាត់ប្រាណធ្ងន់ៗរយៈពេលច្រើនម៉ោងបានដូចគ្នា។ ពេលវេលាក្នុងការហាត់ប្រាណ និងរយៈពេលហាត់ប្រាណរបស់អ្នក វាមិនសំខាន់ដូចការហាត់ប្រាណគ្រប់យ៉ាងតិច150នាទីក្នុងមួយសប្តាហ៍នោះឡើយ។

ថ្មីៗនេះក្រុមស្រាវជ្រាវពីមន្ទីរពេទ្យទូទៅនៅរដ្ឋម៉ាសាឈូសេតបានវិភាគទៅលើទិន្នន័យពីមនុស្សពេញវ័យជាង80,000នាក់នៅចក្រភពអង់គ្លេសដែលបានប្រើប្រាស់នៅឧបករណ៍វាស់សំទុះដែលជាឧបករណ៍ដែលកត់ត្រានូវចលនា និងសកម្មភាពរបស់ពួកគេពេញមួយសបា្តហ៍។ ការសិក្សាថ្មីនេះបានណែនាំថា​អ្នកត្រូវទុកពេលវេលាប្រហែល2.5ម៉ោងនៅចុងសប្តាហ៍ ដើម្បីហាត់ប្រាណក្នុងរយៈពេល 1ទៅ2ថ្ងៃនោះ។

ការសិក្សានេះបានបញ្ចប់ដោយការរកឃើញថាជាទូទៅអ្នកដែលធ្វើលំហាត់ប្រាណជួបប្រទះនឹងជំងឺគាំង និងបញ្ហាបេះដូងតិចជាងអ្នកដែលមិនហាត់ប្រាណសោះ។ ប៉ុន្តែលទ្ធផលរវាងអ្នកដែលហាត់ប្រាណទៀងទាត់ពេញមួយសប្តាហ៍ និងអ្នកដែលសម្រុកហាត់ប្រាណក្នុង1ឬ2ថ្ងៃៗគឺមិនខុសគ្នាប៉ុន្មាននោះទេ។

ដោយសារសព្វថ្ងៃនេះមនុស្សជាច្រើនមានសភាពកាន់តែមមាញឹកទៅៗ ការសម្រុកហាត់ប្រាណនៅចុងសប្តាហ៍ក៏ក្លាយជាទម្លាប់ទូទៅមួយដែរ។ រាល់ការហាត់ប្រាណទាំងអស់ទោះជាតិចតួចក៏ដោយ ក៏អាចមានប្រសិទ្ធភាពលើសុខភាព​ និងរាងកាយរបស់អ្នកដែរ។  

ប្រភព៖ https://www.insider.com/health-benefits-of-daily-exercise-two-days-week-study-2023-7