ស្ថានភាពក្បាលពោះធំគួរឆាប់សម្រកខ្លាញ់

មិនថាអ្នកមានរូបរាងបែបណានោះទេ ការលើសជាតិខ្លាញ់អាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន។ បើយើងនិយាយពីខ្លាញ់ក្បាលពោះវិញនោះ រៀងរាល់ឆ្នាំភស្តុតាងថ្មីៗបានបង្ហាញថាខ្លាញ់ដែលនៅជ្រៅក្នុងក្បាលពោះអាចបង្កគ្រោះថ្នាក់ខ្លាំងជាងជាតិខ្លាញ់ដែលអ្នកអាចច្បិចបាន។

ជាទូទៅ ខ្លាញ់ក្នុងខ្លួនជាង90%គឺជាប្រភេទខ្លាញ់ក្រោមស្បែក (Subcutaneous Fat)។ បើសិនជាអ្នកយកដៃទៅចុចក្បាលពោះអ្នកបន្តិចនោះ អ្នកនឹងដឹងភ្លាម នោះហើយជាខ្លាញ់Subcutaneous។​ ចំណែកឯខ្លាញ់10% ទៀតនោះគឺជាខ្លាញ់Visceral (Visceral Fat) ដែលនៅខាងក្នុងពោះ។

បើទោះបីជាខ្លាញ់Visceral ជាផ្នែកតូចមួយនៃខ្លាញ់ទាំងអស់ក្នុងរាងកាយក៏ដោយ តែខ្លាញ់ប្រភេទនេះអាចបង្កបញ្ហាសុខភាពជាច្រើន។ ប្រភេទខ្លាញ់Visceral មានមុខងារផលិតប្រូតេអ៊ីនមួយប្រភេទមានឈ្មោះថាCytokines ដែលអាចបណ្តាលឱ្យមានការរលាកកម្រិតទាប ហានិភ័យនៃជំងឺបេះដូង និងជំងឺរុំារៃជាច្រើន។ វាក៏ផលិតនូវប្រូតេអ៊ីនមួយប្រភេទទៀតដែរឈ្មោះAngiotensin ដែលជាប្រូតេអ៊ីនបង្កឱ្យសរសៃឈាមរួមតូច ហើយសម្ពាធឈាមឡើងខ្ពស់។ លើសពីនេះទៀត ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមគឺគ្រាន់តែជាបញ្ហាមួយផ្នែកប៉ុណ្ណោះ នៅមានបញ្ហាជំងឺជាច្រើនទៀតដូចជាជំងឺភ្លេចភ្លាំង ជំងឺហឹត និងមហារីកសុដន់សម្រាប់ស្រ្តី។

អញ្ចឹងហើយ តើអ្នកគួរដោះស្រាយបញ្ហានេះបែបណា? ទាំងនេះជាដំណោះស្រាយមួយចំនួនដែលអាចកាត់បន្ថយហានិភ័យនៃបញ្ហាទាំងនេះបាន។
1. លំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណតិចតួចរយៈពេល30នាទី ដូចជាការដើរ​ ឬការជិះកង់ក៏ផ្តល់ប្រសិទ្ធភាពខ្លាំងសម្រាប់សុខភាពរបស់អ្នកបានដែរ។ អ្នកក៏គួរតែមានការធ្វើចលនាច្រើននៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកឱ្យបានច្រើនផងដែរដូចជាការឡើងជណ្តើរជើងជំនួសការឡើងជណ្តើរយន្ត ឬការចតយានជំនិះរបស់អ្នកឆ្ងាយពីកន្លែងគោលដៅ ដើម្បីកំហិតខ្លួនឯងឱ្យដើរពីកន្លែងចតទៅកន្លែងគោលដៅ។
2. ការញុំាអាហារឱ្យបានត្រឹមត្រូវ៖ ការជ្រើសរើសរបបអាហារដែលមានតុល្យភាព និងល្អសម្រាប់សុខភាពមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាទម្ងន់។ អ្នកគួរចៀសវាងការញុំាអាហារណាដែលពោរពេញដោយជាតិខ្លាញ់ ជាតិស្ករ និងភេសជ្ជៈដទៃទៀត។
3. កុំជក់បារី៖ ការជក់បារីអាចបណ្តាលឱ្យរាងកាយរបស់អ្នកស្តុកជាតិខ្លាញ់ទុកនៅក្នុងក្បាលពោះជាជាងចែកចាយវាទៅសរីរាង្គផ្សេងៗដូចជាត្រគាក និងភ្លៅ។
4. ការគេងគ្រប់គ្រាន់៖ ការសិក្សាអស់រយៈពេល5ឆ្នាំបានបង្ហាញថាមនុស្សពេញវ័យក្រោម40ឆ្នាំដែលទទួលទានដំណេកបានតែ5ម៉ោងនោះតែងស្តុកជាតិខ្លាញ់ច្រើនជាងអ្នកដែលទទួលទានដំណេកបានគ្រប់គ្រាន់។ តែកុំគេងច្រើនពេក ដោយសារតែការគេងច្រើនជ្រុលក៏បណ្តាលឱ្យមានការស្តុកជាតិខ្លាញ់ច្រើនដែរ។

ប្រភព: https://www.health.harvard.edu/staying-healthy/taking-aim-at-belly-fat