តើការហាត់ប្រាណពិតជាជួយបង្កើនថាមពលមែនទេ?

ខែ​សីហា 26, 2024ព័ត៌មាន

ស្តាប់ទៅវាហាក់ដូចជាប្លែក ប៉ុន្តែវាជាការពិត។ ការធ្វើចលនាច្រើនអាចផ្តល់ថាមពលមកខ្លួនប្រាណយើងវិញ បើយើងធ្វើត្រូវតាមក្បួនខ្នាត។

ការធ្វើលំហាត់ប្រាណអាចបង្កឱ្យមានការផ្លាស់ប្តូរកោសិកា។ ការហាត់ប្រាណធ្វើឱ្យរាងកាយផលិតមីតូខនឌ្រីច្រើនជាងមុននៅក្នុងកោសិកាសាច់ដុំ។ មីតូខនឌ្រីគឺជាប្រភពថាមពលរបស់កោសិកា ព្រោះពួកវាបង្កើតថាមពលតាមរយៈគ្លុយកូសដែលបានមកពីម្ហូបអាហារដែលយើងទទួលទាន និងអុកស៊ីសែនពីខ្យល់។ នៅពេលដែលមានពួកវាច្រើន វាអាចជួយបង្កើនកម្រិតថាមពលក្នុងរាងកាយ។

លំហាត់ប្រាណក៏ជួយបង្កើនលំហូរអុកស៊ីសែននៅក្នុងរាងកាយយើងផងដែរ។ កំណើនអុកស៊ីសែននេះមិនត្រឹមតែជួយគាំទ្រការផលិតថាមពលរបស់មីតូខនឌ្រីនោះទេ តែវាធ្វើក៏ឱ្យខ្លួនប្រាណរបស់យើងបំពេញមុខងារបានកាន់តែប្រសើរ ហើយប្រើប្រាស់ថាមពលបានកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត រាងកាយរបស់យើងក៏ទទួលបាននូវកំណើនអរម៉ូនតាមរយៈការធ្វើលំហាត់ប្រាណផងដែរ ហើយវាជួយឱ្យយើងមានកម្លាំងជាងមុន។

បន្ថែមលើការជួយឱ្យរាងកាយអ្នកបង្កើត និងប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពនោះ ការហាត់ប្រាណទៀតទាត់ក៏ជួយធ្វើការចូលដំណេករបស់យើងមានភាពស្កប់ស្កល់ផងដែរ។ ការគេងលក់មានសារៈសំខាន់យ៉ាងខ្លាំងដល់សុខភាព និងដើម្បីផ្តល់ថាមពលនៅពេលព្រឹកក្រោកពីគេង។

ប្រភព៖

https://www.health.harvard.edu/exercise-and-fitness/does-exercise-really-boost-energy-levels