ការផ្លាស់ប្តូររបៀបរស់នៅដើម្បីកាត់បន្ថយកូឡេស្តេរ៉ុលខ្ពស់
ពេលខ្លះការផ្លាស់ប្តូររបៀបរស់នៅអាចមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយកូឡេស្តេរ៉ុល។ ការប្រើប្រាស់ឱសថគឺជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យកូឡេស្តេរ៉ុលរបស់អ្នកមានសភាពប្រសើរ ប៉ុន្តែបើអ្នកចង់កែប្រែរបៀបរស់នៅរបស់អ្នកមុនពេលប្រើប្រាស់ឱសថ ឬអ្នកកំពុងតែប្រើឱសថ តែចង់កែប្រែរបៀបរស់នៅដើម្បីឱ្យវាកាន់តែមានប្រសិទ្ធិភាព អ្នកគួរតែអានអត្ថបទខាងក្រោមនេះ។ ទាំងនេះគឺជាការផ្លាស់ប្តូររបៀបរស់នៅទាំង5ដែលអ្នកត្រូវធ្វើដើម្បីកាត់បន្ថយកូឡេស្តេរ៉ុល។
1. ហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណ និងការធ្វើសកម្មភាពរាងកាយអាចផ្តល់អត្ថប្រយោជន៍ដោយធ្វើឱ្យកម្រិតជាតិកូឡេស្តេរ៉ុល និងជាតិខ្លាញ់ល្អមានសភាពល្អ។ អ្នកជំនាញណែនាំការធ្វើលំហាត់ប្រាណបែបសមល្មមឱ្យបានយ៉ាងតិច30នាទី និង5ដងក្នុងមួយសបា្តហ៍ ឬធ្វើលំហាត់ប្រាណខ្លាំងៗឱ្យបានយ៉ាងតិច20នាទី និង3ដងក្នុងមួយសបា្តហ៍។ សកម្មភាពរាងកាយមួយចំនួនទៀតដូចជាការដើរ ការជិះកង់ និងការលេងកីឡាក៏អាចជួយសុខភាពរបស់អ្នកឱ្យកាន់តែប្រសើរបានដែរ។
2. ញុំាអាហារជំនួយសុខភាពបេះដូង
ការកែប្រែរបបអាហារអាចជួយធ្វើឱ្យសុខភាពបេះដូងរបស់អ្នកកាន់តែប្រសើរបានមួយកម្រិត។ អ្នកអាចចាប់ផ្តើមផ្លាស់ប្តូររបបអាហារដោយកាត់បន្ថយការទទួលទានជាតិខ្លាញ់ឆ្អែតដែលមាននៅក្នុងសាច់ក្រហម និងផលិតផលទឹកដោះគោ និងឈប់ទទួលទានជាតិខ្លាញ់មិនឆ្អែតដែលមាននៅក្នុងផលិតផលនំនៅតាមផ្សារ ឬហាង។ កត្តាទាំងនេះអាចកាត់បន្ថយកម្រិតជាតិខ្លាញ់របស់អ្នកបានយ៉ាងខ្លាំង។
លើសពីនេះ អ្នកអាចទទួលទានអាហារដែលមានជាតិខ្លាញ់អាស៊ីតអូមេហ្គា-3 ជាតិសរសៃ និងប្រើប្រាស់ថ្នាំជំនួយដែលមានផ្ទុកប្រូតេអ៊ីនវេរអាចពង្រឹងសុខភាពបេះដូងរបស់អ្នកដោយមិនប៉ះពាល់ដល់ជាតិខ្លាញ់មិនល្អ។
3. ឈប់ជក់បារី
គុណវិបត្តិការជក់បារីត្រូវបានគេផ្សព្វផ្សាយម្តងហើយម្តងទៀត។ ការឈប់ជក់បារីផ្តល់អត្ថប្រយោជន៍ជាច្រើន។ ដំបូងនោះ ក្រោយអ្នកឈប់ជក់បារីបាន20នាទី សម្ពាធឈាម និងចង្វាក់បេះដូងនឹងមកប្រក្រតីវិញក្រោយពីទទួលបានសារជាតិនីកូទីនពីបារី។ ក្រោយរយៈពេល3ខែ លំហូរឈាម និងសួតរបស់អ្នកនឹងចាប់ផ្តើមប្រសើរឡើងវិញ។ ក្រោយរយៈពេល1ឆ្នាំ ហានិភ័យនៃជំងឺបេះដូងរបស់អ្នកនឹងធ្លាក់ចុះមកនៅពាក់កណ្តលបើប្រៀបធៀបទៅនឹងអ្នកជក់បារី។
4. សម្រកទម្ងន់
ការលើសទម្ងន់មានផលវិបាកជាច្រើនដល់សុខភាពរបស់អ្នក។ ចាប់ផ្តើមសម្រកទម្ងន់ដោយផ្លាស់ប្តូរពីការទទួលទានភេសជ្ជៈផ្អែមៗ មកទទួលទានទឹកស្អាតវិញ ហើយត្រូវប្រយ័ត្នចំពោះអាហារដែលអ្នកទទួលទានដូចជានំដូណាត់ ស្ករគ្រាប់ និងអាហារផ្អែមៗដទៃទៀត។
យល់ល្អអ្នកក៏គួរបង្កើនសកម្មភាពរាងកាយនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកដូចជាការឡើងជណ្តើរជើងជំនួសជណ្តើរយន្ត ជិះកង់ទៅធ្វើការ និងការដើរនៅពេលអ្នកមានពេលសម្រាក។
5. កម្រិតការផឹកគ្រឿងស្រវឹង
វាមិនមែនជាអាថ៍កំបាំងអីទេដែលគ្រឿងស្រវឹងគឺជាគ្រឿងសំខាន់នៅក្នុងពិធីអបអរ និងជួបជុំ ប៉ុន្តែអ្នកមិនត្រូវភ្លេចទេថាគ្រឿងស្រវឹងមានជាប់ពាក់ព័ន្ធទៅនឹងកំណើននៃជាតិខ្លាញ់មិនល្អ។ អ្នកជំនាញបានណែនាំថានារី និងបុរសដែលមានអាយុ65ឆ្នាំឡើងទៅគួរទទួលទានគ្រឿងស្រវឹងតែមួយកែវប៉ុណ្ណោះ ហើយ2កែវសម្រាប់អ្នកដែលមានអាយុ65 ចុះក្រោម។ ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។
គួរសម្គាល់ថាប្រសិនបើការផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកនៅតែមិនគ្រប់គ្រាន់ អ្នកត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានឱសថសម្រាប់បញ្ចុះកូឡេស្តេរ៉ុល។ អ្នកគួរបន្តការកែប្រែរបៀបរស់នៅរបស់អ្នកជាមួយនឹងការទទួលទានឱសថឱ្យត្រឹមត្រូវតាមវេជ្ជបញ្ជាដោយសារវាអាចជួយកាត់បន្ថយកម្រិតនៃឱសថដែលអ្នកត្រូវទទួលទានបាន។