តើលំហាត់ប្រាណ HITT ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

ខែ​វិច្ឆិកា 29, 2024ព័ត៌មាន

HIIT ឬ High-Intensity Interval Training គឺជារបៀបហាត់ប្រាណមួយដែលឆ្លាស់គ្នារវាងការសម្រាករយៈពេលខ្លី នឹងការធ្វើលំហាត់ប្រាណខ្លាំងៗ។ គោលបំណងសម្រាប់ការធ្វើលំហាត់ប្រាណនេះគឺដើម្បីជំរុញខ្លួនឯងឱ្យធ្វើលំហាត់ប្រាណខ្លាំងៗមួយភ្លែត ហើយសម្រាក ឬធ្វើលំហាត់ប្រាណតិចៗមួយភ្លែតដែរ។ HIIT អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកហាត់ដូចជា៖

  1. ជួយដល់សុខភាពបេះដូង

HIIT ជួយពង្រឹងសាច់ដុំបេះដូង ហើយធ្វើឱ្យប្រព័ន្ធបេះដូងដំណើរការកាន់តែប្រសើរជាងមុន។ ការហាត់ប្រាណខ្លាំងមួយភ្លែតបែបនេះអាចធ្វើឱ្យចង្វាក់បេះដូងលោតញាប់ដែលជួយក្នុងការផលិតអុកស៊ីសែន និងការប្រើប្រាស់អុកស៊ីសែន។

  1. បង្កើនមុខងារមេតាបូលីស

HIIT បង្កើនមុខងារមេតាបូលីសរបស់មីតូកុងឌ្រីដែលជាម៉ាស៊ីនផលិតថាមពលនៅក្នុងកោសិកានីមួយៗ។ វាមានតួនាទីផលិតថាមពល និងរក្សាមេតាប៉ូលីសទៀងទាត់នៅក្នុងកោសិកា។

  1. បង្កើតសាច់ដុំ

ការសិក្សាស្រាវជ្រាវបានបង្ហាញថាលំហាត់ប្រាណ HIIT អាចជួយបង្កើនម៉ាសដែលមិនមានខ្លាញ់បានដល់ទៅ 1% ទៅ 3%។ វាអាចផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់មនុស្សចាស់ជរាដែលបាត់បង់សាច់ដុំយ៉ាងលឿនដោយសារតែភាពចាស់។

  1. រក្សាថាមពលសាច់ដុំ

លំហាត់ប្រាណ HIIT អាចជួយថែទាំសរសៃរហ័សដែលមានតួនាទីក្នុងក្នុងការធ្វើចលនារហ័ស និងរីផ្លិច។ ជាទូទៅសរសៃនេះមានសភាពអន់ថយ និងទ្រុឌទ្រោមនៅពេលដែលចាស់ទៅ ហើយការកម្រើកធ្វើចលនាបែបនេះ វាកាន់តែពិបាកទៅៗ។

ការចាប់ផ្តើមលំហាត់ប្រាណ HIIT គឺពិតជាងាយស្រួល និងងាយក្នុងការគ្រប់គ្រង ទោះបីសម្រាប់មនុស្សចាស់ក៏ដោយ។ គន្លឹះរបស់វានោះគឺអ្នកត្រូវកែប្រែបន្តិចម្តងៗលើលំហាត់ប្រាណដែលអ្នកធ្លាប់ធ្វើរួចមកហើយ។ ឧទាហរណ៍បើធម្មតាអ្នកដើររយៈពេល 30នាទី អ្នកអាចសាកល្បងដើរលឿនបំផុតតាមដែលអ្នកអាចធ្វើទៅបានរយៈពេល 1-3នាទី ហើយមកដើរយឺតៗឬតាមល្បឿនធម្មតារបស់អ្នកវិញរយៈពេល 1-3នាទី រួចដើរលឿនៗវិញម្តងទៀត។