ហេតុអ្វីបានជាការថែរក្សាសាច់ដុំសំខាន់នៅពេលចាស់?

ខែ​កុម្ភៈ 21, 2025ព័ត៌មាន

ជំងឺស្វិតសាច់ដុំ (Sarcopenia)ជាដំណើរការនៃការបាត់បង់ម៉ាសសាច់ដុំ និងមុខងារដែលកើតឡើងជាផ្នែកមួយនៃធម្មជាតិនៅពេលចាស់។ វាមានប្រមាណ៥% ទៅ១៤%នៃមនុស្សអាយុចាប់ពី៦០ ដល់៧០ឆ្នាំ និង៥០%នៃមនុស្សអាយុចាប់ពី៨០ឆ្នាំឡើងទៅ។

សាច់ដុំរឹងមាំជួយឱ្យអ្នកអាចលើកអីវ៉ាន់ ឡើងជណ្តើរ វាយកូនហ្គោល និងក្រោកពីកៅអី។ សាច់ដុំរឹងមាំនឹងប្រមូលអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមពីឈាមបានយ៉ាងមានប្រសិទ្ធភាពជាងសាច់ដុំខ្សោយ ហើយដុតកាឡូរីបានច្រើនដោយមិនព្យាយាម ដែលអាចជួយគ្រប់គ្រងទម្ងន់បាន។

ភាពចាស់គឺជាមូលហេតុចម្បង (និងជៀសមិនរួច) នៃការបាត់បង់សាច់ដុំ ប៉ុន្តែកត្តាផ្សេងទៀតដែលអាចប៉ះពាល់ដល់ម៉ាសសាច់ដុំរួមមាន ភាពអសកម្ម ភាពធាត់ ភាពធន់នឹងអាំងស៊ុយលីន កង្វះអាហារូបត្ថម្ភ និងការទទួលទានប្រូតេអ៊ីនមិនគ្រប់គ្រាន់។ លក្ខខណ្ឌរួមមាន ជំងឺមហារីក ជំងឺថ្លើម ខូចមុខងារតម្រងនោម និងបញ្ហាមេតាប៉ូលីសក៏មានទំនាក់ទំនងនឹងការបាត់បង់ម៉ាសសាច់ដុំដែរ។

នៅពេលអ្នកកាន់តែចាស់ ចំនួន និងទំហំនៃសរសៃសាច់ដុំរបស់អ្នករួមតូច ដែលបណ្តាលឱ្យសាច់ដុំរបស់អ្នកស្តើង ឬខ្សោយ។ ទន្ទឹមនឹងនេះ រាងកាយរបស់អ្នកចាប់ផ្តើមផលិតប្រូតេអ៊ីនតិចជាងមុន ដែលសាច់ដុំរបស់អ្នកត្រូវការដើម្បីលូតលាស់ ដែលបណ្តាលឱ្យកោសិកាសាច់ដុំរបស់អ្នកតូចជាងមុន។

ការហ្វឹកហាត់កម្លាំង៖ ការកសាងសាច់ដុំតាមរយៈការហាត់ប្រាណ
អ្នកអាចពង្រឹងសាច់ដុំឱ្យរឹងមាំដោយការហ្វឹកហាត់កម្លាំងដែលប្រើភាពធន់ដូចជាទម្ងន់រាងកាយ ទម្ងន់សេរី ខ្សែយឺត ឬម៉ាសុីន ដែលកសាងសាច់ដុំ ឬការហ្វឹកហាត់ផៅវ័រដែលផ្តោតលើទាំងកម្លាំង និងល្បឿន។ វាកាន់តែល្អបើអ្នកធ្វើទាំងពីរជាមួយគ្នាដែលវាជួយកសាង និងថែរក្សាសាច់ដុំ និងអាចពង្រឹងឆ្អឹងឱ្យកាន់តែរឹងមាំ។
ផ្ទុយមកវិញ អ្នកដែលមិនបានហ្វឹកហាត់កម្លាំងនៅពេលពួកគេចាស់អាចរំពឹងថានឹងបាត់បង់សាច់ដុំពី៤ទៅ៦ ផោនរៀងរាល់១០ឆ្នាំម្តង ហើយសាច់ដុំនោះជារឿយៗត្រូវបានជំនួសដោយខ្លាញ់។

ការកសាងសាច់ដុំតាមរយៈអាហារូបត្ថម្ភត្រឹមត្រូវ
វាកាន់តែងាយស្រួលក្នុងការបង្កើតសាច់ដុំនៅពេលអ្នកញ៉ាំអាហារត្រឹមត្រូវគ្រប់គ្រាន់។ មនុស្សភាគច្រើនដឹងថាពួកគេត្រូវការប្រភពប្រូតេអ៊ីនដែលមានគុណភាពនៅក្នុងរបបអាហាររបស់អ្នក ដើម្បីជួយបង្កើតម៉ាសសាច់ដុំគ្មានខ្លាញ់ ប៉ុន្តែអ្នកក៏ត្រូវការកាបូអ៊ីដ្រាតសម្រាប់ថាមពល និងខ្លាញ់ល្អដូចជាប្រេងអូលីវ ផ្លែបឺរ គ្រាប់ធញ្ញជាតិ និងខ្លាញ់ត្រីដើម្បីជួយផ្តល់ថាមពលដល់សាច់ដុំ។

ការថែរក្សាម៉ាសសាច់ដុំពេលចាស់ពិតជាសំខាន់ដើម្បីជួយឱ្យអ្នករឹងមាំ មានតុល្យភាព និងឯករាជ្យ
ការតំឡើង និងថែរក្សាសាច់ដុំមានអត្ថប្រយោជន៍ដូចជាបង្កើនសុខភាពបេះដូង គ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឱ្យប្រសើរឡើងនៃកម្រិតកូឡេស្តេរ៉ុល និងជួយរក្សាទម្ងន់។ វាក៏ជួយបង្កើនអាយុ ដោយការសិក្សាមួយបានបង្ហាញថាមនុស្សវ័យកណ្តាលដែលហាត់ប្រាណពី១ ទៅ៣ដងក្នុង១សប្តាហ៍ គឺប្រមាណ៤០% ទៅ៧០%មិនទំនងជាមានជំងឺគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយដោយសារតែទម្ងន់ និងការហ្វឹកហាត់ថាមពលជួយពង្រឹងសាច់ដុំជុំវិញសន្លាក់របស់អ្នក វាអាចពង្រីកចលនាក្នុងសន្លាក់ និងជួយការពារ ឬបន្ធូរបន្ថយការឈឺខ្នងផ្នែកខាងក្រោម។ ជាចុងក្រោយ ការហ្វឹកហាត់កម្លាំង ឬថាមពលអាចជួយបង្កើនអារម្មណ៍របស់អ្នក ដែលវាជាហេតុផលដ៏ល្អមួយក្នុងការហាត់ប្រាណឱ្យបានទៀងទាត់។

ប្រភព៖ https://www.health.harvard.edu/staying-healthy/a-guide-to-combatting-sarcopenia-and-preserving-muscle-mass-as-you-get-older