
តើអ្វីជាជំងឺដាច់សរសៃឈាមខួរក្បាល? តើយើងគួរការពារខ្លួនពីជំងឺនេះដោយវិធីណា?
ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺមួយដែលកាចសាហាវបំផុត។ វាកើតឡើងនៅពេលដែលខួរក្បាលទទួលបានគ្រាប់ឈាមមិនគ្រប់គ្រាន់ ដោយសារមានការរារាំងណាមួយ ហើយវាអាចបណ្តាលមកពីកត្តាជាច្រើនប្រភេទដូចជាសម្ពាធឈាមឡើងខ្ពស់ ការជក់បារី ជំងឺទឹកនោមផ្អែម ជំងឺបេះដូងផ្សេងៗ កូលេស្តេរ៉ូលឡើងខ្ពស់ ចង្វាក់បេះដូងខុសប្រក្រតី និងប្រវត្តិធ្លាប់មានអ្នកកើតជំងឺនេះក្នុងគ្រួសារ។ ជំងឺដាច់សរសៃឈាមខួរក្បាលត្រូវបានគេចែកជា 3 ប្រភេទគឺ៖
- Hemorrhagic stroke ជាការហូរឈាមនៅក្នុងខួរក្បាល ឬនៅចន្លោះខួរក្បាល និងលលាក្បាល។ នៅពេលដែលមានការហូរឈាម សរសៃឈាមតូចៗដែលនៅជិតកន្លែងហូរឈាមនោះនឹងមានការរឹតបន្តឹង និងកន្ត្រាក់ចូលគ្នាដែលបណ្តាលឱ្យខួរក្បាលទទួលឈាមបានតិចតួច។ Hemorrhagic stroke គឺជាប្រភេទជំងឺដាច់សរសៃឈាមដែលគេមិនសូវជួបប្រទះនោះទេ។
- Thrombotic stroke ជាការកកឈាមនៅក្នុងសរសៃឈាមខួរក្បាល។ វារារាំងដល់ការហូរឈាមចូលក្នុងខួរក្បាល ហើយវាកើតឡើងនៅពេលសរសៃឈាមរួមតូច ដោយសារតែជាតិខ្លាញ់ដែលកកនៅក្នុងសរសៃឈាមនោះ។ Thrombotic stroke គឺជាប្រភេទជំងឺដាច់សរសៃឈាមខួរក្បាលដែលគេជួបប្រទះច្រើនបំផុត។
- Embolic stroke កើតឡើងនៅពេលកំណកឈាម ឬកម្ទេចធូលីធ្វើដំណើរទៅកាន់ខួរក្បាល ហើយឃាំងលំហូរឈាមចូលក្នុងខួរក្បាល។ ជំងឺដាច់សរសៃឈាមប្រភេទនេះអាចកើតឡើងដោយសារកំណកឈាមចេញពីបេះដូង ឬដោយសារកំណកបាក់តេរី ឬកោសិការលាកផ្សេងៗ។
ការធ្វើលំហាត់ប្រាណ និងការទទួលទានរបបអាហារដែលមានសុខភាពល្អគឺជាកត្តាមួយដ៏សំខាន់ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ។ របបអាហារដែលមានសុខភាពល្អរួមមាន៖
- របបអាហារដែលសម្បូរដោយបន្លែ និងផ្លែឈើ
- របបអាហារដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉ូលតិច
- ទទួលទានត្រី 2 ទៅ 4 ក្នុងមួយសប្តាហ៍
- ជៀសវាងការទទួលទានជាតិអាល់កុលលើសកម្រិត