
សញ្ញាប្រាប់ថាអ្នកខ្វះប្រូតេអុីន
តើមានអ្វីកើតឡើង ប្រសិនបើអ្នកខ្វះប្រូតេអ៊ីន? ការបាត់បង់សាច់ដុំ គ្រាន់តែជាបញ្ហាតូចតាចមួយប៉ុណ្ណោះ ប៉ុន្តែវានៅមានបញ្ហាធំៗជាច្រើនទៀតលើសពីនេះ។ ប្រសិនបើអ្នកមិនអើពើនឹងកម្រិតប្រូតេអុីនដែលរាងកាយត្រូវការនោះទេ អ្នកកំពុងតែដាក់សម្ពាធលើសុខភាព និងសមត្ថភាពបញ្ចេញសកម្មភាព របស់អ្នកនៅពេលវ័យកាន់តែចាស់ រួមទាំងបញ្ហាមួយចំនួនទៀតផងដែរ។
តើប្រូតេអុីនធ្វើអ្វីខ្លះនៅក្នុងរាងកាយយើង?
លោក Harry Cox ស្ថាបនិកក្លិប Club Q Health នៅទីក្រុងឡុងដ៍ បានពន្យល់ថា៖ «ចូរគិតថាប្រូតេអ៊ីនគឺជាសារធាតុដែលរាងកាយប្រើប្រាស់ដើម្បីសាងសង់ស្ទើរតែគ្រប់ផ្នែកទាំងអស់។ ប្រសិនបើគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ទោះបីជាខំប្រឹងយ៉ាងណាក៏ដោយ ក៏រាងកាយមិនអាចបង្កើតកោសិកាថ្មី ឬជួសជុលកោសិកាចាស់ៗដែលខូចខាតបានដែរ»។
បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ទំហំសាច់ដុំដៃរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពល ដល់មុខងារប្រព័ន្ធស៊ាំ ការផលិតអរម៉ូន និងប្រតិកម្មគីមីជាច្រើនទៀតនៅក្នុងរាងកាយ។
លើសពីនេះ ក៏មានភស្តុតាងបង្ហាញថា ប្រូតេអុីន និងអាស៊ីតអាមីណូ អាចជួយដល់ការព្យាបាលរបួស និងជួសជុលស្បែកដែលខូចខាតផងដែរ។
ហេតុអ្វីបានជាខ្ញុំគួរញ៉ាំប្រូតេអុីនឱ្យបានច្រើន?
មនុស្សពេញវ័យភាគច្រើនត្រូវការប្រូតេអុីនប្រហែល ០.៧៥ ក្រាម ក្នុងទម្ងន់ខ្លួន ១គីឡូក្រាម ក្នុងមួយថ្ងៃ។ អ្នកអាចញ៉ាំក្នុងកម្រិតនេះដើម្បីឱ្យរាងកាយមានសុខភាពល្អធម្មតា ប៉ុន្តែប្រសិនបើអ្នកចង់បង្កើនសាច់ដុំ អ្នកប្រាកដជាចង់បង្កើនការញ៉ាំប្រូតេអ៊ីនឱ្យបានច្រើនជាងនេះ ដើម្បីផ្តល់កម្លាំងឱ្យសាច់ដុំធ្វើការបានកាន់តែល្អ។
តើសញ្ញានៃការខ្វះប្រូតេអ៊ីនមានអ្វីខ្លះ?
សាច់ដុំខ្សោយ
ការញ៉ាំប្រូតេអ៊ីនមិនគ្រប់គ្រាន់ នាំឱ្យសាច់ដុំចុះខ្សោយ និងបាត់បង់ទ្រង់ទ្រាយ សាច់ដុំដែលធ្លាប់មាន។
ងាយឆ្លងជំងឺ និងធ្លាក់ខ្លួនឈឺ
ប្រសិនបើអ្នកឈឺញឹកញាប់ វាអាចជាសញ្ញានៃប្រព័ន្ធស៊ាំចុះខ្សោយ។ ការខ្វះប្រូតេអុីនធ្ងន់ធ្ងរ នឹងធ្វើឱ្យរាងកាយបាត់បង់សមត្ថភាពការពារខ្លួនប្រឆាំងនឹងភាពតានតឹង
អស់កម្លាំង
ដោយសារប្រូតេអុីនដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរំលាយអាហារ និងអរម៉ូន ការញ៉ាំប្រូតេអុីនតិចពេកអាចធ្វើឱ្យយើងមានអារម្មណ៍អស់កម្លាំងខ្លាំង។
ងាយបាក់ឆ្អឹង
ការញ៉ាំប្រូតេអុីនតិចពេកអាចធ្វើឱ្យដង់ស៊ីតេឆ្អឹងចុះខ្សោយ នៅពេលយើងចាស់ទៅ ដែលនាំឱ្យប្រឈមនឹងការដួល និងបាក់ឆ្អឹងកាន់តែខ្ពស់។
ការឃ្លានខុសធម្មតា
ខណៈពេលដែលប្រូតេអុីនជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ Carbs មិនសូវផ្តល់ភាពឆ្អែតយូរឡើយ ដែលនាំឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែឃ្លានខ្លាំងនៅពេលក្រោយ។
តើខ្ញុំអាចញ៉ាំប្រូតេអុីនឱ្យបានច្រើនដោយរបៀបណា?
គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជផ្សេងៗ គឺជាវិធីដ៏ល្អបំផុតក្នុងការបន្ថែមជាតិប្រូតេអុីន។ ទឹកដោះគោអាល់ម៉ុន, ទឹកដោះគោអូត និងទឹកដោះគោអង្ករ គឺមានជាតិប្រូតេអុីនទាបពីធម្មជាតិ។
