
លំហាត់ប្រាណសម្រាប់កាត់បន្ថយសម្ពាធឈាម
វិធីដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការ និងគ្រប់គ្រងជំងឺលើសសម្ពាធឈាម គឺការធ្វើលំហាត់ប្រាណជាប្រចាំ។ ប៉ុន្តែ តើលំហាត់ប្រាណប្រភេទណាខ្លះដែលផ្តល់អត្ថប្រយោជន៍ច្រើនជាងគេ? ការពិនិត្យឡើងវិញលើការសិក្សាវិទ្យាសាស្ត្រមួយ ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងទស្សនាវដ្តី British Journal of Sports Medicine បានបង្ហាញថា ការធ្វើលំហាត់ប្រាណតាមទម្រង់ទាំង ៣ ខាងក្រោម អាចជួយកាត់បន្ថយសម្ពាធឈាមពេញមួយថ្ងៃ ចំពោះមនុស្សពេញវ័យដែលមានជំងឺលើសសម្ពាធឈាម បើប្រៀបធៀបនឹងការមិនធ្វើលំហាត់ប្រាណ ឬការធ្វើលំហាត់ប្រាណប្រភេទផ្សេងទៀត៖
- លំហាត់ប្រាណបែបអេរ៉ូប៊ីក (Aerobic Exercise) — សកម្មភាពរាងកាយដែលធ្វើឱ្យបេះដូង និងសួតធ្វើការកាន់តែខ្លាំង ដូចជាការដើរលឿន ការជិះកង់ និងការហែលទឹក។
- ការហ្វឹកហាត់កម្លាំង (Combination Program) — កម្មវិធីដែលរួមបញ្ចូលទាំងលំហាត់ប្រាណបែបអេរ៉ូប៊ីក និងលំហាត់ប្រាណពង្រឹងសាច់ដុំ ដែលអាចធ្វើក្នុងវគ្គហាត់ប្រាណតែមួយ ឬក្នុងវគ្គបន្តបន្ទាប់គ្នា។
- លំហាត់ប្រាណHIIT (High-Intensity Interval Training – HIIT) — ការធ្វើលំហាត់ប្រាណដែលឆ្លាស់គ្នារវាងការធ្វើលំហាត់ប្រាណបែបអេរ៉ូប៊ីកក្នុងកម្រិតខ្លាំង និងរយៈពេលសម្រាក ឬធ្វើសកម្មភាពក្នុងកម្រិតស្រាលជាងមុន។
ការពិនិត្យឡើងវិញនេះបានរួមបញ្ចូលការសាកល្បងចំនួន ៣១ ដែលមានអ្នកចូលរួមសរុប ១,៣៤៥ នាក់។ អ្នកស្រាវជ្រាវបានរួមបញ្ចូលតែការសាកល្បងដែលមានរយៈពេលយ៉ាងតិច ៤ សប្តាហ៍ និងប្រៀបធៀបឥទ្ធិពលនៃលំហាត់ប្រាណប្រភេទផ្សេងៗទៅលើសម្ពាធឈាមដែលត្រូវបានតាមដានក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។ការតាមដានសម្ពាធឈាមប្រភេទនេះប្រើឧបករណ៍ដែលវាស់សម្ពាធឈាមដោយស្វ័យប្រវត្តិរៀងរាល់ ១៥ ទៅ ៣០ នាទី ក្នុងរយៈពេលមួយថ្ងៃ។ លទ្ធផលនៃការវាស់វែងនេះអាចព្យាករណ៍ពីហានិភ័យនៃបញ្ហាបេះដូង និងការស្លាប់បានត្រឹមត្រូវជាងការវាស់សម្ពាធឈាមនៅពេលទៅជួបគ្រូពេទ្យ។
លទ្ធផលសរុបបានបង្ហាញថា អ្នកដែលធ្វើលំហាត់ប្រាណបែបអេរ៉ូប៊ីក កម្មវិធីហាត់ប្រាណចម្រុះ ឬ HIIT មានសម្ពាធឈាមស៊ីស្តូលិក (លេខទីមួយក្នុងលទ្ធផលវាស់សម្ពាធឈាម) ថយចុះជាមធ្យមប្រហែល ៥ ទៅ ៦ ពិន្ទុ បើប្រៀបធៀបនឹងអ្នកដែលមិនធ្វើលំហាត់ប្រាណ។
អ្នកនិពន្ធនៃការសិក្សាក៏បានកត់សម្គាល់ផងដែរថានៅមានភស្តុតាងតិចតួច ប៉ុន្តែមានសក្តានុពលវិជ្ជមានអំពីអត្ថប្រយោជន៍នៃលំហាត់ប្រាណប្រភេទផ្សេងទៀតចំពោះការកាត់បន្ថយសម្ពាធឈាមរួមមាន លំហាត់ប្រាណពង្រឹងសាច់ដុំតែមួយមុខ (ដោយប្រើទម្ងន់ខ្លួនឯង ដុំទម្ងន់ ឬខ្សែយឺត) លំហាត់ប្រាណរក្សាកម្លាំងសាច់ដុំក្នុងទីតាំងថេរ (ដូចជា Plank ឬ Wall Sit) និងលំហាត់ប្រាណប្រភេទផ្សេងទៀត (ដូចជា យូហ្គា ភីឡាតេស និងកីឡាកម្សាន្ត)។
