វាគឺជាបទពិសោធន៍ដ៏រីករាយ និងមិនអាចបំភ្លេចបានសម្រាប់ប្អូនៗតូចៗ ដែលបានចូលរួមថ្នាក់បង្រៀនហែលទឹកដ៏ពិសេស ជាមួយអត្តពលិកលំដាប់អូឡាំពិក និងជាកីឡាករហែលទឹកមានទេពកោសល្យបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺកីឡាករហែមថុន ពន្លឺ។ យើងបានសង្កេតឃើញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍ ការចង់ដឹងចង់យល់ និងស្នាមញញឹមដ៏ពោរពេញដោយក្តីរីករាយ នៅពេលដែលកីឡាករក្នុងដួងចិត្តរបស់ប្អូនៗ ចែករំលែកគន្លឹះហែលទឹក តិចនិច ដំបូន្មាន និងបទពិសោធន៍នានា។
ថា្នក់បង្រៀនហែលទឹកដ៏ពិសេសនេះ បានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងហ្គាន់ហ្សេ ស្ព័ត ជប៉ុន អាធីណា និងបានចូលរួមដោយប្អូនៗចំនួន ១៦ នាក់។ កម្មវិធីត្រូវបានបែងចែកទៅជា២ថ្នាក់ សម្រាប់ប្អូនៗអាយុចាប់ពី៤ ទៅ៧ឆ្នាំ និងអាយុ៨ ដល់១២ឆ្នាំ ដែលត្រូវបានបង្ហាត់បង្រៀនដោយផ្ទាល់ពីសំណាក់កីឡាករហែមថុន ពន្លឺ។