អបអរសាទរខួបលើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា

ខែ​តុលា 21, 2023រូបភាព

ទស្សនាកម្រងរូបភាពពីកម្មវិធី “បង្រៀនរបៀបហែលទឹកដើម្បីសង្គ្រោះជីវិត” នៅហ្គាន់ហ្សេ ស្ព័តសាខាអ៊ីអនម៉លសែនសុខកាលពីថ្ងៃទី21 ខែតុលា ឆ្នាំ2023 ដើម្បីអបអរសាទរខួបលើកទី70 នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន។ កម្មវិធីនេះរៀបចំឡើងដោយលោកYu Sugahara ដែលជាស្ថាបនិកក្លិបបង្រៀនហែលទឹកSwimmy Inc. of Japan សហការជាមួយនឹងក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តដើម្បីបង្កើនការយល់ដឹងពីសុវត្ថិភាពនៅក្នុងទឹក និងចែករំលែកពីគន្លឹះក្នុងការជួយសង្គ្រោះខ្លួនឯង និងវិធីជួយសង្គ្រោះអ្នកដទៃ។

ក្មេងៗចំនួន13នាក់បានចូលរួមកម្មវិធីនេះដោយភាពរីករាយព្រមទាំងទទួលបាននូវចំណេះដឹងជាច្រើនពីលោកគ្រូជប៉ុនYu Sugahara។ លោកបង្កើតកម្មវិធីនេះឡើងដើម្បីជួយកុមារកម្ពុជាឱ្យចេះការពារខ្លួនពីការលង់ទឹក ក្រោយពីបានឃើញនូវរបាយការណ៍ពីសារព័ត៌មានកម្ពុជាអំពីគ្រោះលង់ទឹកជាច្រើនដែលកើតឡើងចំពោះកុមារ។ លោកពិតជាសប្បាយចិត្តជាខ្លាំងដែលបានឃើញកុមារកម្ពុជាជាច្រើនចូលរួមក្នុងកម្មវិធីនេះ និងស្វែងយល់បន្ថែមពីរបៀបហែលទឹក។

គាត់បានកត់សម្គាល់ថាប្រទេសជប៉ុនក៏ប្រឈមនូវបញ្ហាសុវត្ថិភាពក្នុងទឹកដូចគ្នាដែរ ដោយសារតែប្រទេសជប៉ុនមានទន្លេ និងសមុទ្រជាច្រើនកន្លែង។ ប៉ុន្តែសាលាបឋមសិក្សានៅជប៉ុនតែងយកចិត្តទុកដាក់ចំពោះរឿងនេះដោយដាក់នូវថ្នាក់បង្រៀនហែលទឹកដល់ក្មេងៗ ប៉ុន្តែកម្មវិធីសិក្សាមួយនេះនៅមិនទាន់មានក្នុងប្រទេសកម្ពុជានៅឡើយ។ នេះជាមូលហេតុដែលគាត់សម្រេចចិត្តមកប្រទេសកម្ពុជាដើម្បីបង្រៀន និងបង្កើនចំណេះដឹងដល់កុមារកម្ពុជាពីរបៀបហែលទឹកដោយផ្ទាល់តែម្តង។

ចំពោះចំណាប់អារម្មណ៍របស់អាណាព្យាបាល ពួកគាត់បានអរគុណដែលបានរៀបចំនូវកម្មវិធីនេះឡើងដែលមិនត្រឹមតែណែនាំកូនៗរបស់ពួកគាត់ឱ្យយល់ដឹងពីគន្លឺះក្នុងការហែលទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ជំនាញដើម្បីសង្គ្រោះខ្លួនឯង និងអ្នកដទៃថែមទៀតផង។ លើសពីនេះទៅទៀតនោះ កម្មវិធីក៏បានផ្តល់ឱកាសឱ្យកុមារបង្កើតមិត្តភក្តិថ្មីៗ ចែករំលែកពីការសិក្សា ព្រមទាំងបានរៀនហែលទឹករយៈពេល60នាទីជាមួយគ្រូៗបង្វឹករបស់ហ្គាន់ហ្សេ ស្ព័តទៀតផង។

ហ្គាន់ហ្សេ ស្ព័ត សូមថ្លែងអំណរគុណដល់គ្រូបង្វឹកជប៉ុន កុមារៗដែលបានចូលរួម និងឪពុកម្តាយរបស់ពួកគាត់ដែលបានធ្វើឱ្យកម្មវិធីនេះពោរពេញដោយភាពសប្បាយរីករាយ និងការអប់រំ។ ពួកយើងសូមជូនពរឱ្យអ្នកទាំងអស់គ្នាទទួលបានតែភាពជោគជ័យនៅពេលអនាគត។